ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសវ័យ៥៥ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្បែរមាត់ច្រាំងស្ទឹងពោធិ៍សាត់ ដោយសង្ស័យគាំងបេះដូង (ខ្យល់គ) ស្ថិតនៅចំណុចច្រាំងមាត់ស្ទឹង ស្ថិតក្នុង ភូមិអន្លង់វិល ឃុំស្យាស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។
លោកអ៊ំប្រុស ពុយប៉េង មានអាយុ៦០ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀងបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សោម ស៊ីថា (ហៅឈ្នាង) ភេទប្រុសអាយុ៥៥ឆ្នាំ មានទីលំនៅភូមិក្បាលឈើពុក ឃុំស្យាស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះរត់តាមផ្លូវចូលមកផ្ទះរបស់គាត់ ដោយស្រែកពោលពាក្យថាជួយផងៗ មានគេដេញចាប់ខ្ញុំ គាត់មានការងឿងឆ្ងល់ដោយនឹកក្នុងចិត្តថា អានឹងម៉ិច ស្រែកចឹងបើគ្មានអ្នកណាដេញវាផងនិង ឃើញដូច្នេះអ៊ំប៉េង ក៏ដេញជនរងគ្រោះឲ្យចេញពីផ្ទះរបស់គាត់ ជនរងគ្រោះក៏ដើរចេញបាត់ទៅ ។ ក្រោយមកអ៊ំប៉េងដើរទៅមាត់ស្ទឹង ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅមាត់ច្រាំងស្ទឹងហើយក៏មានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ហ៊ុមព័ទ្ធដើម្បីរង់ចាំសមត្ថកិច្ចជំនាញចុះមកពិនិត្យ ។
មន្ត្រីនគរបាលនិងលោកមេឃុំស្យា បានឲ្យដឹងថា ក្រោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចចុះពិនិត្យសាកសព បានសន្និដ្ឋានថា សាកសព ស្លាប់ដោយគាំងបេះដូង(ខ្យល់គ) ព្រោះនៅលើខ្លួនសាកសពពុំមានស្លាក ស្នាមអ្វីពាក់ពន្ធ័នឹងបទល្មើសនោះទេ ។
ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងមានការសន្និដ្ឋានច្បាស់លាស់ ពីក្រុមគ្រូពេទ្យ សាកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់