ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ពាក់ព័ន្ធករណី លួច

ភ្នំពេញ: កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវ ២៧១ ភូមិចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១-ឈ្មោះ ជី ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ជាងឈើ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខផ្លូវ២៧១ ភូមិចម្រើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ ។

វត្ថុតាងចាប់យក៖ សោទីបលេខ៨ ចំនួន ០១ ដើម, ដែកចុងស្រួចចំនួន ០១ ដើម, ដែកលួសសរសៃចំនួន ០១ កំណាត់ ។

ដំណើររឿង៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវ ២៧១ ភូមិ ចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ ៦១ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M-4714 មកចាក់សោកទុកនៅមុខបន្ទប់ជួលហើយចូលទៅសម្រាប់នៅក្នុងបន្ទប់ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០៣ នាក់ឈ្មោះ ជី ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ, ឈ្មោះ ហុង ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ ខៃ ភេទប្រុស អាយុ ២២ឆ្នាំ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក (ប្រភេទអូតូ) ប្រដាប់ដោយឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួនរួមមាន៖ សោទីបលេខ៨ ចំនួន ០១ ដើម, ដែកចុងស្រួចចំនួន ០១ ដើម និងដែកលួសសរសៃចំនួន ០១ កំណាត់ មកធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះយកជិះគេចខ្លួន ដោយជនសង្ស័យឈ្មោះ ហុង និងឈ្មោះ ខៃ (ជាអ្នកចាំមើលផ្លូវ) ចំណែកជនសង្ស័យឈ្មោះ ជី ចៅ បានចូលទៅកាច់សោកម៉ូតូរបស់ជនរងគ្រោះ ខណ:នោះជនរងគ្រោះ និងអ្នកជិតខាងបានឃើញទាន់ ក៏ស្រែកឆោឡោឡើងកម្លាំងល្បាតប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានដេញតាមពីក្រោយរហូតដល់ចំណុចស្តុបមេភ្លើងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ជី ចៅ ចំណែកបក្ខពួកជនសង្ស័យពីរនាក់ទៀតឈ្មោះ ហុង និងឈ្មោះ ខៃ បានជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ជី ចៅ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យដូចជា៖ សោទីបលេខ៨ ចំនួន ០១ ដើម, ដែកចុងស្រួចចំនួន ០១ ដើម, ដែកលួសសរសៃចំនួន ០១ កំណាត់ (ជារបស់ជនសង្ស័យ) និងម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M-4714 (ជារបស់ជនរងគ្រោះឈ្មោះ ប៉ាន់ ថុន បានប្រគល់ជូនម្ចាស់វិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។

បច្ចុប្បន្នជនសង្ស័យទាំង ០១ នាក់ឈ្មោះ ជី ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់