ព័ត៌មានជាតិ

Update៖ នារីវ័យក្មេងម្នាក់ ជិះម៉ូតូចុះពីលើស្ពានជិតផុតទៅហើយ ស្រាប់តែប៉ះនឹងខឿនថ្មើរជើង បណ្តាលឲ្យក្រឡាច់ដួល ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅ ខណៈជិះជិតផុតទៅហើយ ស្រាប់តែប៉ះនឹងខឿនថ្មើរជើងក្រឡាច់ដួល ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់កិន បណ្តាលបាត់បង់ជីវិត ហើយរថយន្តបង្ក ត្រូវប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចចុងស្ពានព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រគល់នគរបាលជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមានវ័យជាង២០ឆ្នាំ ភេទស្រី ស្លៀកខោ ខូវប៊យពណ៌ខៀវ ពាក់អាវក្រៅដៃវែង មានមួក អាវក្នុងពណ៌ស ពាក់មួកការពារ ពណ៌ស ជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ក្រហម លាយស ពាក់ផ្លាកលេខភ្នំពេញ 1IB-9509 ជិះម្នាក់ឯង មិនទាន់ស្គាល់អត្តសញ្ញាណ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូជនរងគ្រោះ ព្រមទាំងរថយន្តបង្ក បានធ្វើដំណើរចុះលើស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅប៉ះនឹងខឿន ថ្មើរជើងរបស់ស្ពាន រួចបានដួលស្របគ្នានោះ រថយន្តបង្កបានបើកមកពីក្រោយ គេចមិនទាន់បានកិនចំជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ហើយរថយន្តបានបើកហួស ចេញពីកន្លែងកើតហេតុ ប្រមាណជាង៥០០ ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលអ្នកបើកបរយកទៅប៉ុស្តិ៍ ដើម្បីប្រគល់ជូននគរបាលចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់ក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯអ្នកបើកបរព្រមទាំងរថយន្តបង្ក ត្រូវបានប្រគល់ទៅឲ្យជំនាញ នគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់