ព័ត៌មានជាតិ

រថយន្តឃ្លុបដឹកទំនិញ បើកបរបញ្ច្រាសទិស បុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តឃ្លុបដឹកទំនិញ បើកបរបញ្ច្រាសទិសបុកជាមួយម៉ូតូ បណ្ដាលឲ្យរងការខូចខាត និងរងរបួសម្នាក់ កើតហេតុកាលពីវេលាម៉ោង២ និង ៤០ នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1FY- 60 02 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញមួយគ្រឿងម៉ាកគា ពាក់ផ្លាកលេខ ភ្នំពេញ 2Q-6096 ដែលបើកបរបញ្ច្រាសទិស ស្រាប់តែបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួស ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងឱ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តព្រមសងសំណងថ្លៃជួសជុល និងព្យាបាលដល់ជនរងគ្រោះភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕

មតិយោបល់