ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បើកវ៉ាជែងទៅបុករថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់

ព្រះសីហនុ: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បើកវាជែងទៅបុករថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 1F-8037 មានទិសដៅព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានបើកវ៉ាជែងមកខាងឆ្វេងដៃ រួចក៏បុករថយន្ត០១គ្រឿងម៉ាក TOYOTA SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-3552 ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ឯម ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក
នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានឃាត់ខ្លួននាំយកដោះស្រាយបន្តតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់