សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលមកការឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ០១ខ្នង នៅចំណុចភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានអោយដឹងថា មានករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋ ម្ចាស់ផ្ទះឈ្មោះ ជា ទូ ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ ឃុំកើតហេតុខាងលើ បណ្តាលអោយខូចខាតផ្ទះឈើចំនួន ០១ខ្នង ទំហំ ៧ ម៉ែត្រ x ៩ម៉ែត្រ ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាតទាំងស្រុង) ខូចខាតស្រូវ នៅខាងក្រោមផ្ទះ ៣០តោន លុយមួយចំនួន ឯកសារអត្រានុកូលដ្ឋាន និងរបស់ប្រើប្រាស់ទាំងស្រុងក្នុងផ្ទះ តែមិនបណ្ដាលអោយរងរបួសមនុស្សទេ ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះ កម្លាំងនៃអធិការដ្ឋាន ផ្នែកសណ្ដាប់ធ្នាប់ កម្លាំងប៉ុស្ដិ៍កៀនសង្កែ និងប្រជាការពារ សរុប ១២នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ទើបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ២៣ និង៣០នាទីថ្ងៃដដែល ៕




មតិយោបល់