ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បើកបរវ៉ាជែកគ្នា រហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ខូចខាតទាំងសងខាង

ភ្នំពេញៈ រថយន្ត ២គ្រឿង បើកបរវ៉ាជែកគ្នារហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ខូចខាតទាំងសងខាង ខណៈដែលចង់ឈ្នះគ្នាទៅវិញទៅមក សំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ(អូស៊ីអាយស៊ី) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុនៅត្រង់ចំណុចគល់ស្ពានបាឡេត្រើយខាងលិច ក្នុងទឹកដីខណ្ឌឫស្សីកែវខណៈដែលកំពុងឡើងស្ពាន គេឃើញរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AH-9539 មានគ្នា ៣នាក់ ក្នុងកាបីននិងម្នាក់ទៀតអង្គុយពីក្រោយបើកសញ្ញូសុំវ៉ា តែរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5034 ជិះគ្នា ៤នាក់ ក្នុងរថយន្ត មិនឱ្យវ៉ា លុះមកដល់ចំណុចកើតហេតុដោយមានរ៉ឺម៉កមួយគ្រឿងទៀតនៅខាងមុខ ចំណែករថយន្តតាកូម៉ាក៏វ៉ារ៉ឺម៉កមុន លុះបើកមកដល់ត្រង់ចំណុចកើតហេតុក៏ឃើញរថយន្តកូរ៉េវ៉ាស្ដាំរួចចូលខាងមុខរថយន្តតាកូម៉ា បណ្ដាលឱ្យរថយន្តតាកូម៉ាជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករុញរថយន្តកូរ៉េឡើងទទឹងផ្លូវរងកាខូចខាតទាំងសងខាងយ៉ាងដំណំ។

អ្នកបើកបររថយន្តកូរ៉េមានឈ្មោះ គង ជីវ៉ា អាយុ ៣៧ឆ្នាំ មុខរបរ បើករថយន្តដឹកទិញ។
អ្នកបើកបររថយន្តតាកូម៉ាមានឈ្មោះ នេត សុវណ្ណ វ័យជាង ៤០ឆ្នាំ មុខរបរ (មិនបានស្គាល់)។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់បានឱ្យភាគីទាំងពីធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តតាកូម៉ាប្រគល់ឱ្យខាងក្រុមហ៊ុន ធានារាប់រងចេញមុខដោះស្រាយ ក្រោយធ្វើការសម្របសម្រួលគ្នា ភាគីខាងរថយន្តកូរ៉េព្រមចេញថ្លៃជួសជុលរថយន្តតាកូម៉ាបញ្ចប់រឿង៕

មតិយោបល់