បាត់ដំបង៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់ ២លើក បណ្តាលអោយពលរដ្ឋ២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅស្រុកភ្នំព្រឹក។
ករណីទី១ នៅវេលាម៉ោង១៥និង៤០នាទី ចំណុចក្រុមទី១០ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ អៀង លីណា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។ តាមការបំភ្លឹពីសាច់ញាតិបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានជិះកង់ទៅសុំលុយម្តាយទៅទិញនំហូបពេលត្រលប់មកវិញដល់ទីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
ករណីលើកទី២ នៅវេលាម៉ោង១១៦នឹង០០នាទី ត្រង់ចំណុចក្រុមទី៨ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ៥៣ឆ្នាំ មានកូនចំនួន០៥នាក់ ស្រី០១នាក់។
បុរសជាប្តីបានបញ្ជាក់ឲ្យដឹងថា ប្រពន្ធខ្លួនជាជនរងគ្រោះកំពុងឈរមើលកូនពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះក៏រន្ទះបាញ់ស្លាប់តែម្ដង។ ក្រោយពីទទួលបានពត៌មានកម្លាំងសមត្ថកិច្ចផ្នែកជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់