ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ អុន ភាម៉ុន ដែលសម្លាប់កុមារ៉ា ជា ប៊ុនហេង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ។
ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី ។
កុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ហេតុការណ៍៖ មុនពេលកើតហេតុជនសង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខភ្នំពេញ 1FJ-8384 ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថា កុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជនសង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃើញសាកសពកុមារារងគ្រោះនៅចំណុចកើតហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងលោក នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។
លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់