នៅថ្ងៃចន្ទ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនរំពឹងថាកិច្ចពិភាក្សាដោយប្រយោលជាមួយអ៊ីរ៉ង់អំពីការបន្តអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយភាគីទាំងពីរ នឹងមាន ការលំបាកដោយបន្ថែមថាខ្លួនមើលមិនឃើញពីដំណោះស្រាយក្នុងពេលឆាប់ៗណាមួយឡើយ ដែលកិច្ចពិភាក្សានឹងចាប់ផ្តើមនៅថ្ងៃអង្គារិ៍។
កាលពីថ្ងៃសុក្រ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមានកិច្ចចរចាដោយប្រយោលនៅទីក្រុង Vienna ចាប់ពីថ្ងៃអង្គារ៍ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង តេអេរ៉ង់ និងមហាអំណាចពិភពលោកដែលជាផ្លូវការហៅថា ផែនការសកម្មភាពរួម (JCPOA) ។
ទីក្រុងតេអេរ៉ង់បានច្រានចោលការពិភាក្សាទ្វេភាគីដោយផ្ទាល់ ហើយអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនរំពឹងថានឹងមានអ្វីកើតឡើង “នៅពេលបច្ចុប្បន្ននេះទេ” ប៉ុន្តែនៅតែបើកចំហចំពោះលទ្ធភាពដែលអាចកើតមាន។
លោក Price និយាយថា “យើងមិនត្រូវមើលស្រាលទំហំនៃបញ្ហាប្រឈមនាពេលខាងមុខទេ នេះជាដំណាក់កាលដំបូង យើងមិនរំពឹងថានឹងមានដំណោះស្រាយឆាប់ៗ ឬភ្លាមៗនោះទេ ហើយយើងរំពឹងយ៉ាងមុតមាំថាការពិភាក្សានេះ នឹងមានការលំបាក”។
លោកបានបន្ថែមថា ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់លោក Rob Malley ដែលជាមន្ត្រីជើងចាស់នៃរដ្ឋបាល Clinton និងលោកអូបាម៉ានឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកចូលរួមកិច្ចពិភាក្សានេះ។
ក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់ និងប្រទេសមហាអំណាចចំនួន ០៦ ផ្សេងទៀតរួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិកបានដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចផ្សេងៗទៀតលើទីក្រុងតេរ៉ង់ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយធ្វើឲ្យលំបាកក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលជាមហិច្ឆិតាដែលទីក្រុងតេអេរ៉ង់បដិសេធ។
អតីតប្រធានាធិបតីលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកឡើងវិញដែលជំរុញឲ្យអ៊ីរ៉ង់រំលោភលើការរឹតត្បិតនុយក្លេអ៊ែរមួយចំនួនដើម្បីសងសឹកបន្ទាប់ពីរង់ចាំជាងមួយឆ្នាំ៕
មតិយោបល់