ព័ត៌មានជាតិ

លោកស្នងការ៖ ករណីបាត់ក្មេងនៅផ្សារក្រចេះខេត្តក្រចេះ ផ្អើលពេញបណ្តាញFaceBook ឥឡូវរកឃើញវិញហើយ

ក្រចេះ: លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានប្រាប់ Post News មុននេះបន្តិចថា ករណីបាត់ក្មេងនៅផ្សារក្រចេះខេត្តក្រចេះ ផ្អើលពេញបណ្តាញFaceBook ឥឡូវរកឃើញវិញហើយ មូលហេតុដោយម្តាយមានការធ្វេសប្រហែស ចូលទៅក្នុងផ្សារ ទុកកូនឲ្យនៅចាំម៉ូតូ ធ្វើឲ្យកូនវង្វេងពេលចុះពីម៉ូតូទៅដេកចាំមុខផ្ទះគេទៅ។
បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់កូនទៅឲ្យម្តាយវិញហើយ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីបាត់ក្មេងមួយបានកើតឡើង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញ ផ្សារក្រចេះ ទីរួមខេត្តក្រចេះ បន្ទាប់ពីមានស្រ្ដីម្នាក់បានស្រែទ្រហ៊ោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើបតែ៣ឆ្នាំ ខណ:បានដើរ ចូលផ្សារ ហើយឲ្យកូនស្រីនៅចាំម៉ូតូនៅខាងក្រៅផ្សារតែម្នាក់ឯង។

ស្រ្ដីជាម្តាយខាងលើនេះមានឈ្មោះ ស៊ីន សូនីតា អាយុ៤៨ឆ្នាំនិងកូនស្រីដែល បានបាត់ មានឈ្មោះ អ៊ិន ព្រហ្មដាលីស អាយុ៣ឆ្នាំ អ្នកទាំង២នាក់ រស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

តាមការរៀបរាប់របស់ស្រ្ដីរូបនោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានឌុបកូនស្រីមកផ្សារដើម្បីទិញម្ហូប ហើយក៏ឲ្យកូនស្រីអង្គុយចាំ ម៉ូតូតែម្នាក់ឯង នៅឯខាងក្រៅផ្សារ បន្ទាប់គាត់ក៏បានចូលផ្សារបានតែមួយភ្លែត ក៏ស្រាប់តែចេញពីផ្សារវិញ មិនបានឃើញកូនស្រី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកទ្រហ៊ោយំ ផ្អើលពេញផ្សារតែម្ដង។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា គេបានឃើញស្រ្ដីម្នាក់ បាននាំក្មេងស្រីនោះនាំទៅជាមួយ ដោយគេមិនបានចាប់ អារម្មណ៍ថា ស្រ្ដីរូបនេះ មិនមែនជាម្ដាយរបស់ក្មេងនោះទេ៕

មតិយោបល់