ព័ត៌មានជាតិ

ជនផ្ទុកសារធាតុញៀនម្នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចដែកទីបជ្រុង ត្រូវម្ចាស់ឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ម៉ោង០៦និង៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកទីបជ្រុង នៅក្នុងវត្តនិរោធរង្សី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ វណ្ណ ផៃនីឡា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ មឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន ។

មុនពេលកើតហេតុជនរងគ្រោះ ទុកដែកទីបជ្រុងសម្រាប់ធ្វើសំណង់ជាច្រើនដើម នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ម៉ាកYamaha Siruis ពណ៌ខ្មៅ គ្មានផ្លាកលេខ ចូលមកលួចដែកទីបជ្រុង០៣ដើម ដាក់លើម៉ូតូជិះចេញបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់