ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកជ្រុលបុករថយន្តទំនើប បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ ១៣៦ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1L-3995 បើកបរដោយយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2AD-6969 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើកបរម៉ូតូធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តម៉ាកខាងលើ ដែលកំពុងធ្វើដំណើរពីកើតទៅលិចពេញទំហឹង ចំបញ្ឆិចពីមុខរថយន្ត បណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ដកិច្ចជំនាញ វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់