ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ និងស្រ្តីចំណាស់ម្នាក់ទៀតរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបង្កឡើងដោយម៉ូតូបុករថយន្តនិងម៉ូតូបុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់មនុស្ស១នាក់និងរងរបួសធ្ងន់១នាក់នៅស្រុកបាកាន។

ករណីទី១៖ កើតឡើងកាលពីវេលាម៉ោង ១៦និង៣៥នាទី ម៉ូតូម៉ាកវីននើពណ៌លឿងគ្មានផ្លាកលេខ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ សាន ទន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន បានបុករថយន្តម៉ាកតូយូតាព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-1039 បើកបរដោយឈ្មោះ អឿន ប៊ុនរើន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពូត្រុំថ្មី ឃុំរមនាស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយបត់ឆ្វេង បណ្តាលឲ្យជនរងគ្រោះឈ្មោះ សាន ទន ដែលជាអ្នកបើកបរម៉ូតូខាងលើស្លាប់នៅហ្នឹងកន្លែងកើតហេតុ នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន។

ចំពោះសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារដើម្បីចាត់ការតាមនីតិវិធី។

ករណីទី២៖ កាលពីម៉ោង១៨និង១៥នាទី មាន ម៉ូតូម៉ាកហុងដាទ្រីម០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G-9118 ទិសដៅពី លិចទៅកើតដោយឈ្មោះ ចែម រក្សា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិអណ្ដូងក្រសាំងឃុំ ស្នាមព្រះ ស្រុកបាកាន បើកបរម៉ូតូពីទិសខាងលិចទៅកើតបានបុកមនុស្សដើរឈ្មោះ អូច ឡាង ភេទស្រី អាយុ ៦៨ឆ្នាំ រស់នៅភូមិស្នាមព្រះឃុំស្នាមព្រះ ស្រុកបាកាន បានឆ្លងផ្លូវពីត្បូងទៅជើងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៩៤–១៩៥ ស្ថិតក្នុងភូមិក្រពើររោទ៍ ឃុំស្នាមព្រះស្រុកបាកាន។

ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯម៉ូតូត្រូវបានគេយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញបានចុះពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរកន្លែងរួចមក និងបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនេះបណ្តាលមកពីកត្តាល្បឿននិងកត្តាធ្វេសប្រហែស៕

មតិយោបល់