បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងធ្លាក់ដោយមានលាយឡំនឹងខ្យល់កន្ត្រាក់ ព្រមទាំងផ្គររន្ទះបាញ់ផងនោះ បានបណ្តាលអោយខូចខាតលំនៅដ្ឋានរបស់ពលរដ្ឋចំនួន២១ខ្នង ឃ្លាំង១ខ្នង របើកដំបូល ៣ខ្នង រលំ០ខ្នង និងរន្ទះបាញ់១លើក បណ្តាលអោយស្ត្រី១នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងស្រុករុក្ខគីរី និងស្រុកសំពៅលូន ។
ជាក់ស្តែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឲ្យរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ០២ឃុំ សរុបចំនួន២១ខ្នង ក្នុងនោះឃុំព្រៃត្រឡាច រងការខូចខាតផ្ទះចំនួន១២ខ្នង របើកដំបូល១១ខ្នង និងរលំទាំងស្រុង០១ខ្នង ។
ចំណែកស្រុករុក្ខគិរី ក្នុងឃុំបាសាក់ រងការខូចខាតផ្ទះចំនួន០៩ខ្នង របើកដំបូល០៨ខ្នង និងរលំទាំងស្រុង០១ខ្នង។
នៅថ្ងៃដដែល វេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខ្យល់កន្ត្រាក់នេះបណ្ដាលឱ្យរបើកប៉ើងឃ្លាំង សម្រាប់ស្តុបទំនិញកសិផល ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី បណ្ដាលឱ្យខូចខាតទាំងស្រុង ។ ម្ចាស់ឃ្លាំងឈ្មោះ រង សារឹម ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយឡែកនៅស្រុកសំពៅលូនដដែល ក្នុងភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ត្រង់ចំណុចដំណាក់ចាម ស្ត្រីម្នាក់ឈ្មោះ ឌៀប កឿន ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ខណៈ កំពុងដាំដំឡូងនៅកណ្ដាលចម្ការពេលមេឃភ្លៀង ស្រាប់តែរន្ទះបាញ់ត្រូវជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។
ករណីនេះ កម្លាំងនគរបាលស្រុកទាំងពីរ បានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ៕
មតិយោបល់