បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានកុមារាម្នាក់អាយុ០៥ឆ្នាំ បានស្លាប់ដោយផ្ទះបាក់សង្កត់ និងផ្ទះចំនួន០៦ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលរដ្ឋបាលឃុំសឿ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់ កន្ត្រាក់នេះ វេលាម៉ោង០៧យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី មានភ្លៀងធ្លាក់មួយមេលាយឡំ ជាមួយនឹងខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង ក្នុងនោះ០៣ខ្នងខូចខាតធ្ងន់ ខូចម៉ូតូចំនួន០២គ្រឿងធ្ងន់ និង០៣ខ្នងខូចខាតស្រាល ។ ជាមួយគ្នានោះដែរ បណ្តាលឲ្យកុមារាម្នាក់ឈ្មោះ អឿន វីអែន អាយុ០៥ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយសារ សរសរជើងតាងផ្ទះប្រវែងប្រហែល០៣ម៉ែត្រ រលំដួលសង្កត់ ។ ក្មេងប្រុសរងគ្រោះ មានម្តាយឈ្មោះ រ៉ាក់ ស្រីនេត និងឪពុកឈ្មោះ ចាំ អឿន នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ។
ប្រភពដដែលបានបញ្ជាក់ថា គ្រួសារនេះ មានកូនចំនួន០៣នាក់ ស្រីម្នាក់ ក្មេងរងគ្រោះជាកូនទី០៣ ។ នៅមុនពេលកើតហេតុទាំងម្តាយឪពុកនិងកូន០៣នាក់ បាននៅអង្គុយនិងដេកលេងអង្រឹងក្រោមផ្ទះ នៅពេលមានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់កើតឡើង ម្តាយឪពុកនិងកូន០២នាក់ធំៗ បានរត់រួច នៅតែក្មេងរងគ្រោះដេកអង្រឹងលេង មិនមានអ្នកជួយ ត្រូវខ្យល់កួចផ្ទះនិងដួលរលំសរសរជើងតាង ប្រវែងប្រហែល០៣ម៉ែត្រសង្កត់ស្លាប់តែម្តង ។ សពត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យា តាមប្រពៃណីទាំងក្តីអាឡោះអាល័យជាពន់ពេក ៕




មតិយោបល់