ព័ត៌មានជាតិ

បុរសអ្នកបើកត្រាក់ទ័រភ្ជូរដីចម្ការម្នាក់ ប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះត្រូវរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

បាត់ដំបង: នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី មានស្នូរផ្ទុះដ៏កក្រើកដី និងគ្របដណ្តប់ដោយផ្សែង ខ្មួលខ្មៅមួយ បានកើតឡើង ករណីបុរសម្នាក់បើកត្រាក់ទ័រភ្ជូរដីចម្ការ ប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះត្រូវរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតត្រង់ចំណុចអារី ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនោះ ។

ករណីខាងលើនេះ ស្រាប់តែស្ងាត់សំឡេងផ្ទុះដ៏កក្រើកដីនេះភ្លាម និងមិនទាន់បាត់ផ្សែងខ្មៅនោះផង គេបានប្រទះឃើញបុរសម្នាក់ បានដេកដួលទៅលើដី ក្នុងស្ថានភាពធ្ងន់ធ្ងរបាត់ទៅហើយ ស្ថិតនៅមិនឆ្ងាយពីត្រាក់ទ័រមួយគ្រឿងដែលក្រឡាប់ផ្ងារជើងនៅទីនោះ និងរណ្តៅដីដ៏ធំល្មមមួយដែលកើតឡើង ដោយកម្លាំងផ្ទុះដ៏ខ្លាំងនោះ ។

បុរសដែលដួលដេកដោយស្ថានភាពធ្ងន់ធ្ងរនោះមានឈ្មោះ ស៊ឹម ស៊ូ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឫស្សី ដែលរូបគាត់បានមកភ្ជួរដីចម្ការឱ្យឪពុកក្មេកនៅចំណុចកើតហេតុខាងលើ ហើយក្នុងពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដី ផ្លែផាលត្រាក់ទ័ររបស់គាត់ បានកិនសង្កត់ទៅលើគ្រាប់មីនតោនមួយគ្រាប់ ដែលកប់ក្នុងដី ហើយបណ្ដាលឱ្យផ្ទុះឡើងភ្លាមៗ និងធ្វើឱ្យរូបគាត់រងរបួសធ្ងន់ធ្ងរ និងបានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាព នៅមូលដ្ឋាននោះ រីឯត្រាក់ទ័រត្រូវខូចខាតដោយអន្លើ ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក គាស់ក្រឡ បានបញ្ជាក់ថា ចំណុចកើត ហេតុនេះជាអតីតសមរភូមិក្តៅ ពីសម័យសង្រ្គាមប្រយុទ្ធគ្នា ហើយដីដែលគាត់បានភ្ជួររាស់នៅពេលនេះ គឺជាដីថ្មី ដែលឪពុកក្មេកគាត់ ទើបកាប់រានថ្មី ហើយផ្តើមភ្ជួររាស់ជាលើកដំបូង ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ។ លោកអធិការបន្តថានៅចំណុចនោះពិតជានៅមាន គ្រាប់មីនបង្កប់ក្នុងដីនៅឡើយទេ ព្រោះកន្លងទៅខាងអង្គភាពជំនាញ CMAC មិនទាន់បានធ្វើការរុករក បោសសំអាតនៅឡើយ ហើយបញ្ហានេះ លោកនឹងរាយការណ៍ជូនអង្គភាព CMAC ដើម្បីបានជ្រាបនិងជួយអន្តរាគមន៍លើបញ្ហានេះ ៕

មតិយោបល់