ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី លី ធុជ ចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្រុកបរកែវ

រតនគិរីៈ «ដោយសារសង្គ្រោមក្នុងតំបន់ឥណ្ឌូចិននៅទស្សវត្សន៍៦០-៧០ និងសង្គ្រាមស៊ីវិលរាំរ៉ៃបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលកេរ្តិ៍មរតដ៏ធ្ងន់ធ្ងរនៃការបន្សល់ទុកនូវមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម»។ នេះជាការលើកឡើងរបស់លោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាក្នុងឱកាសនេះដែរ លោកអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាស្រុកបរកែវ ខេត្តរតនគិរី។

លោកទេសរដ្ឋមន្ត្រីបន្តថា ចាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះការងារ​បោស​សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់សំណាក់រាជរដ្ឋាភិបាលកម្ពុជាយើង។ ជាក់ស្តែងលទ្ធផលបោសសម្អាតមីនចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ផ្ទៃដីដែលបោសសម្អាតចំនួន១,៤៩៣,០៧៧,៣៣១ម៉ែត្រក្រឡា ទុកជូនប្រជាពលរដ្ឋបង្ករបង្កើនផល។ លោក លី ធុជ បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្តែងនូវការអាណិតអាសូរ និងក្ដីស្រលាញ់ចំពោះជនពិការគ្រប់រូប ជាពិសេសជនពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលភាពពិការរបស់បងប្អូន គឺពិការតែអវៈយវៈ តែបងប្អូនមិនបានពិការបេះដូងនោះឡើយ។ ជនពិការនៅទូទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់ដោយមិនបានបោះបង់ជនពិការឲ្យនៅឯកកា ពោលគឺបងប្អូនជនពិការអាចរស់នៅក្នុងសង្គមស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ដូចជនមិនពិការដែរ។

ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី លី ធុជ បានផ្តល់អំណោយដល់ជនពិការ១១នាក់ក្នុងម្នាក់អង្ករ៥០គីឡូក្រាម ត្រីខ១កេសធំ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេសតូច ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងថវិកា២០ម៉ឺនរៀល។ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលចូលរួម៥០នាក់ក៏ទទួលបានដែរ ក្នុងម្នាក់២ម៉ឺនរៀល និងឱសថបំបាត់ជំងឺផ្តាស់សាយ៤បន្ទះ។

នៅព្រឹកថ្ងៃដដែលនោះដែរលោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់ស៊ីម៉ាក់នៅការដ្ឋានមួយកន្លែង ស្ថិតនៅភូមិវ៉ក ឃុំកាចូន ស្រុកវ៉ើនសៃ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកស៊ីម៉ាក់ក្នុងការដ្ឋានខាងលើ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរំដោះដីស្រែចំការជូនប្រជាពលរដ្ឋយើង៕

photo_2016-08-14_11-39-31photo_2016-08-14_11-39-33photo_2016-08-14_11-39-35photo_2016-08-14_11-39-37photo_2016-08-14_11-39-43

មតិយោបល់