ព័ត៌មានជាតិ

វាយស្ត្រីម្នាក់ស្ទើរស្លាប់ក្នុងអធិការដ្ឋានស្រុកសំរោងទង សមត្ថកិច្ចខ្សោយចំណាត់ការ

កំពង់ស្ពឺៈ ស្ត្រីម្នាក់ត្រូវភាគីវិវាទវាយស្ទើរស្លាប់ស្ទើររស់នៅក្នុងអធិការដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពី ប៉ុន្តែក្រុមមន្ត្រីក្នុងអធិការធ្វើមើលមិនឃើញ បណ្តោយឲ្យជនបង្កឡើងជិះរថយន្តទៅបាត់។

ស្ត្រីម្នាក់រួមជាមួយសាច់ញាតិជាច្រើននាក់បានប្រតិកម្មខ្លាំងទៅលើកសមត្ថកិច្ចនគរបាលស្រុកសំរោងទង ជាពិសេសលោកអធិការស្រុកតែម្តង ដោយសារតែមានស្ត្រីម្នាក់ចាប់វាយរូបគាត់នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្បែរបន្ទប់ព្រហ្មទណ្ឌស្រុក ដែលបណ្តាលរងរបួស ស្ទើរសន្លប់ ក្រោយមកស្ត្រីជាជនបង្កត្រូវបានស្វាមី ហៅឡើងជិះរថយន្តហាយឡែនឌ័រ បើកចេញពីអធិការស្រុកកាត់មុខសមត្ថកិច្ចធ្វើព្រងើយដោយគ្មានខ្លាចញញើតជាមួយនឹងកម្លាំងសមត្ថកិច្ចបន្តិចសោះឡើយ ។

ស្ត្រីរង់គ្រោះឈ្មោះ អុន សារ៉េត អាយុ ៤៧ ឆ្នាំ ស្នាក់នៅភូមិដូនអាត់ ឃុំស្នូល ស្រុកសំរោងទង ខេត្តកំពងស្ពឺ បាននិយាយរៀបរាប់ទាំងអួលដើមកប្រាប់ក្រុមអ្នកសារព័ត៌មានថា ពិតជាអយុត្តិធម៌ណាស់សម្រាប់រូបគាត់ ព្រោះជនបង្កឈ្មោះ ថាវី ភេទស្រី បានវាយបោចសក់ ច្របាច់ក នៅមុខនគរបាលក្នុងបរិវេនអធិការស្រុកសំរោងទង ហើយសមត្ថកិច្ចមិនឃាត់ជនបង្ក បណ្តោយឲ្យដើរឡើងជិះរថយន្តទៅយ៉ាងព្រងើយ ។ ស្ត្រីរងគ្រោះបន្តថា ភ្លាមៗនោះរូបគាត់សុំការអន្តរាគមន៍ពីសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចបានត្រឹមទទួលពាក្យទុក្ខតែប៉ុណ្តោះ លើសពីនេះ ពេលជនបង្កវាយរូបគាត់ហើយបានបើករថយន្តចេញពីបរិវេនអធិការស្រុក មួយសន្ទុះក្រោយមកក៏បានបើកឡានចូលមកវិញឌឺគាត់ថែមទៀតផង ហើយសមត្ថកិច្ចគ្មានចំណាត់ការឃាត់សួរនាំនោះទេ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជុំវិញដំណើរដើមទងដែលឈានការវាយតប់គ្នាក្នុងដែនសមត្ថកិច្ច( បរិវេណអធិការដ្ឋាននគបាលស្រុកសំរោងទង) ដំបូងឡើយ ភាគីម្តាយជនបង្ក និងកូនស្រីរបស់ស្ត្រីជនរងគ្រោះ មានមុខរបរលក់សំម្លៀកបំពាក់នៅក្នុងរោងចក្រ វ៉ាយស៊ីវិន ( ហៅរោងចក្រ លីអូ) ស្ថិតក្នុងមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានទាស់សម្តី វាយតប់គ្នារហូតមកប្តឹងផ្តល់នៅអធិការស្រុក ប៉ុន្តែពេលនាំគ្នាមកដាក់ពាក្យប្តឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងដោះស្រាយជូនពួកគេនោះ ក៏ស្រាប់តែភាគីបង្កឈ្មោះ ថាវី បានស្ទុះទៅវាយស្ត្រីរងគ្រោះឈ្មោះ អុន សារ៉េត នៅមុខសមត្ថកិច្ចតែម្តង ។

លោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មិនមែនសមត្ថកិច្ចគ្មានចំណាត់ការនោះទេ គឺដោយសារភាគីទាំងពីរមិនបានរត់ទៅណាឡើយ ហើយណាមួយសមត្ថកិច្ចលោកបានទទួលពាក្យបណ្តឹងរបស់ជនរង់គ្រោះឈ្មោះ អុន សារ៉េតរួចរាល់ដែល រហូតមកដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦នេះ មន្ត្រីផ្នែកយុត្តិធម៌របស់លោកបានអញ្ជើញភាគីទាំងសងខាងមកសម្របសម្រួលគ្នាដែរ ប៉ុន្តែដោយសារភាគីខាង ឈ្មោះ ថាវី យល់ព្រមបញ្ជាប់តែត្រូវឲ្យភាគីឈ្មោះ អុន សារ៉េត សុំទោសរូបគេ រីឯភាគីឈ្មោះ អុន សារ៉េត វិញមិនព្រមសម្របសម្រួលទេ សុំឲ្យសមត្ថកិច្ចយើងធ្វើតាមច្បាប់ ដូច្នេះលោកអធិការក៏សម្រេចឲ្យមន្ត្រីលោកធ្វើលិខិតកិច្ចសន្យាផ្តិតមេដាយ លើក្រដាសស្នាម មិនឲ្យភាគីទាំងពីរឈ្លោះប្រកែក ជេរប្រមាថ គុំកួនគ្នា រួចក៏ឲ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងខ្លួន រង់ចាំឲ្យពួកគេធូរស្រាលចិត្តបន្តិច រូបលោកនឹងអញ្ចើញមកជួបគ្នាដោះស្រាយបន្តទៀត ។

បើទោះបីមានការជួបដោះស្រាយគ្នាយ៉ាងក៏ដោយភាគីរង់គ្រោះឈ្មោះ អុន សារ៉េត នឹងសាច់ញាតិបានទទូចស្នើដល់លោកអធិការស្រុក នឹងស្នងការនគរបាលខេត្តកំពង់ស្ពឺជួយអន្តរាគមន៍ចាប់ជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនត្រូវឲ្យជនបង្កដើរហើរស្រេចតែអំពើចិត្តនោះទេ ។ ជុំវិញបញ្ហានេះមិនអាចសុំការបំភ្លឺពីជនបង្កបានឡើយ៕

photo_2016-08-14_12-13-50photo_2016-08-14_14-21-43photo_2016-08-14_14-22-00photo_2016-08-14_14-22-19photo_2016-08-14_14-23-26photo_2016-08-14_14-23-42photo_2016-08-14_14-24-11photo_2016-08-14_14-24-19photo_2016-08-14_14-25-07

មតិយោបល់