បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ទវៈ កើតឡើង នៅវេលាម៉ោង០២ ទាបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយពីទទួលបានបណ្តឹងពីនារីរងគ្រោះឈ្មោះ អ-វ អាយុ៣២ឆ្នាំ មានឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពគម្រាមសម្លាប់និងបង្ខំនាងរំលោភ នៅវេលាម៉ោង០២ទាបភ្លឺ ឈានចូលថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែតនោះមក ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងជួសជុលរថយន្តនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យឈ្មោះ អៀក សេងថៃ បានសារភាពថា នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខ្លួនបានធ្វើដំណើរទៅក្រុងប៉ោយប៉ែត ដើម្បីទៅលេងជាមួយប្រពន្ធដែលស្នាក់នៅបន្ទប់ជួលជាមួយនារីរងគ្រោះ តែមិនទាន់បានទៅជួបប្រពន្ធទេ ដោយរវល់ទៅជួបមិត្តភ័ក្ត្រផឹកស៊ី បន្ទាប់ពីស្រវឹងក៏បានទៅបន្ទប់ដែលប្រពន្ធជួលនៅ ដើម្បីសម្រាក ប៉ុន្តែចៃដន្យមិនឃើញប្រពន្ធគេនៅឡើយ ជួបតែនារីរងគ្រោះ ជាឱកាសល្អគេក៏បានឡើងដេកលើគ្រែជាមួយនារីរងគ្រោះដោយធ្វើសកម្មភាពចាប់រំលោភតែនាងមិនព្រមក៏ចាប់ច្របាច់ក និងគម្រាមសម្លាប់ចោល ទើបនាងព្រមឲ្យរំលោភបានសម្រេចម្តង ។
លោកវរសេនីយ៍ឯក មែន ភីរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា៖ ផ្អែកតាមបណ្តឹងរបស់នារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ អៀក សេងថៃ ត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
មតិយោបល់