បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចផ្លូវបំបែក (ច្រមុះជ្រូកដឺតាស្គូន) ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រវាងម៉ូតូធុន BMW GS 120A បុកជាមួយម៉ូតូធុន Honda wave c100 បណ្តាលឲ្យមនុស្សរបួសធ្ងន់០២នាក់ ស្រាល០១នាក់ ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ រិ ខោវ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្នកបើកបរម៉ូតូម៉ាកហុងដាវេវ ធុនសេ១០០ ពណ៌ក្រហម គ្មានផ្លាកលេខ អ្នករួមដំណើរឈ្មោះ អែម នី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូហុងដាវេវ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុផ្លូវបំបែក (ច្រមុះជ្រូកដឺតាស្គូន) ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ម៉ូតូបានបត់ ស្របពេលនោះមានម៉ូតូធុនធំ០១គ្រឿងម៉ាក BMWGS 120A ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1HD.5556 បើកក្នុងទិសដៅច្រាសទិសគ្នា ពីត្បូងទៅជើង ដោយឈ្មោះ លី ពីឆៃ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បុកបណ្តាលឲ្យអ្នកបើកបរម៉ូតូហុងដាវេវ របួសបាក់ភ្លៅឆ្វេង និងអ្នករួមដំណើរបាក់ដៃឆ្វេង និងជើងឆ្វេង ម៉ូតូខូចខាតស្រាល ។ ចំណែកអ្នកបើកបរម៉ូតូធំ BMWGS 120A រងរបួសស្រាល ម៉ូតូឆេះខូចខាតទាំងស្រុង មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាកវេវ មិនប្រកាន់ស្តាំ ចំណែកម៉ូតូធំបើកមានល្បឿនលឿន ។ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក វត្ថុតាងយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់