ភ្នំពេញៈ នារីម្នាក់បានតោងបង្កាន់ដៃស្ពានជ្រោយចង្វាថ្មី ទៅឈរផ្នែកខាងក្រៅ ប៉ុនប៉ងលោតទឹកស្លាប់ខ្លួន ហើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា និងនគរបាលការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វាចេញទៅអន្តរាគមន៍ នាំគ្នាចាប់ទាញឡើងមកវិញ និងត្រៀមអូប័រ២គ្រឿង ដើម្បីជួយសង្គ្រោះ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៧និង៣០ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុច លើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ នារីរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុ ប្រមាណជាង៣០ឆ្នាំ ទំនង់ជាស្រ្តីមានសតិមិនគ្រប់ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់នោះ បានធ្វើដំណើរដោយថ្មើរជើង ឡើងទៅលើស្ពានជ្រោយចង្វា រួចឈប់នៅលើស្ពានមួយសន្ទុះ ក៏បានតោងបង្កាន់ដៃស្ពានឡើងប្រុងលោតទឹកសម្លាប់ខ្លួន តែនាងទំនង់ជាពុំហ៊ានលោតទំលាក់ទៅក្រោមឡើយ ។
តាមប្រភពព័ត៌មានបន្តឱ្យដឹងថា ខណះពេលនោះគេឃើញ នាងបានទៅឈរនៅខាងក្រៅបង្កាន់ស្ពាន ហើយ អ្នកដំណើរ ឆ្លង កាត់ឃើញក៍បានរាយការណ៍ ទៅកម្លាំងនគរបាល និងសណ្តាប់ខណ្ឌជ្រោយចង្វារ ដែលនៅប្រចាំការនៅគល់ស្ពាន បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅព្រឹកនោះគេឃើញ កម្លាំងគណះបញ្ជាការឯកភាព ខណ្ឌជ្រោយចង្វា និងនគរបាលអង្គភាព ការពារគោលដៅទី៣ ដែលប្រចាំការការពារស្ពានជ្រោយចង្វារ ក៏បាននាំគ្នា ទៅលួងលោម កុំអោយគិតខ្លី ។
ទន្ទឹមនោះ នគរបាលក៏ចេញទូកអូរប័រចំនួន ២គ្រឿងទៅចាំ នៅខាងក្រោមដើម្បីត្រៀម ជួយសង្គ្រោះនៅពេលដែលនារីរូបនោះ លោតទំលាក់ទៅក្រោម ។ បន្ទាប់ពីមានការលួងលោម និងបាញ់អាកុល សមត្ថកិច្ចក៏បានចាប់ឃាត់ទាញនារីរូបនោះ ឡើងមកវិញបានដោយសុវត្តិភាព ។
តាមការសាកសួរនារីរូបនោះ និយាយត្រឡប់ត្រឡិន ទំនងជាមានសតិមិនគ្រប់ ហើយត្រូវបានកម្លាំងនគរបាល នាំមកត្រើយខាងលិច និងធ្វើការណែនាំអប់រំកុំឲ្យធ្វើបែបនេះតទៅទៀត ៕
មតិយោបល់