(ភ្នំពេញ): នៅក្នុងកិច្ចប្រជុំលើកទី៩របស់គណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី បានចាប់អារម្មណ៍ទៅលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ។
ការចាប់អារម្មណ៍និងការទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានធ្វើនៅពីថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ដោយមានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក នីកូឡាយ នីគីហ្វូរ៉ូវ រដ្ឋមន្ត្រីទូរគមនា-គមន៍ និងទំនាក់ទំនងនៃសហព័ន្ធរុស្ស៊ី ធ្វើជាសហប្រធាន។
គណកម្មការ បានពិភាក្សាលើបញ្ហាជាច្រើននៃទំនាក់ទំនងទ្វេរភាគីរួមមានបញ្ហាសន្តិសុខ និងការអនុវត្តន៍ច្បាប់ បច្ចេកទេសយោធា ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ កសិកម្ម ព័ត៌មានវិទ្យា អាកាសចរណ៍ស៊ីវិល វិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ សុខាភិបាល និងថាមពលភាគីទាំងពីរបានឯកភាពជាអាទិ៍៖ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃទស្សនកិច្ចរបស់នាយក-រដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីឯកឧត្តម ឌីមីទ្រី មិតវីដេវ (Dmitry Medvedev) នៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ភាគីរុស្ស៊ី រងចាំស្វាគមន៍ទស្សនកិច្ចការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងមូស្គូ នៅខែឧសភា ឆ្នាំ២០១៦ ខាងមុខ។
ភាគីទាំងពីរ បានឯកភាពរៀបចំកម្មវិធីមួយចំនួនក្នុងឆ្នាំ២០១៦នេះ ដើម្បីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហ-ព័ន្ធរុស្ស៊ី។
ភាគីទាំងពីរ បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំ (នៅថ្នាក់អនុប្រធាន) នៃក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ីទទួលបន្ទុកជុំរុញគំរោងវិនិយោគរួម ដែលបានគាំទ្រពង្រាងសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ជីគំរោងសំណើសំរាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគកម្ពុជា-រុស្ស៊ី រហូតដល់ឆ្នាំ២០២០។
ភាគីរុស្ស៊ី បានអញ្ជើញកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិសេនភីតធឺស្បឺកលើកទី២០ (20th St. Petersburg International Economic Forum) ពីថ្ងៃទី ១៦-១៨ ខែមិថុនា ឆ្នាំ២០១៦ និងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី២ (2nd Eastern Economic Forum) ពីថ្ងៃទី ២-៣ ខែកញ្ញា ឆ្នាំ២០១៦ នៅវ៉្លាឌីវ៉ូស្តុក (Vladivostok)។
ក្នុងវិស័យទេសចរណ៍ កម្ពុជាបានស្នើុស្ស៊ី បន្តផ្តល់ការបណ្តុះបណ្តាលមគ្គុទេសក៍ ទេសចរណ៍និយាយភាសារុស្ស៊ី។
ភាគីទាំងពីរ បានចាប់អារម្មរណ៍ក្នុងការបង្កើនទំហំពាណិជ្ជកម្មលើផ្នែកកសិផលរវាងប្រទេសទាំងពីរ ក្នុងនោះ កម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការផ្គត់ផ្គង់អង្ករទៅរុស្ស៊ី។
កម្ពុជាបានស្នើឲ្យមានការផ្តល់ជំនួយពីរុស្ស៊ីក្នុងការកែលំអមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេស ការផ្លាស់ប្តូរពិសោធន៍ និងការផ្តល់ជំនួយជាគ្រឿងបរិក្ខារ និងថ្នាំពេទ្យ។
ភាគីទាំងពីរបានស្វាគមន៍ការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនរួមភាគហ៊ុនចំហ ENEX និងក្រសួងរ៉ែនិងថាមពល សំរាប់ការសិក្សាលទ្ធភាពលើការអភិវឌ្ឍន៍គំរោងវារីអគ្គិសនី “ស្ទឹងបាត់ដំបង-២” ដែលមានថាមពល ៣៦ មេហ្គាវ៉ាត់។
ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំកិច្ចប្រជុំគណៈកម្មការលើកទី១០ នៅសហ-ព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១៧។
មតិយោបល់