ព័ត៌មានជាតិ

ជុងមិនភ្លេចកុក! ជនសង្ស័យ ២ រត់មិនរួច ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង៣៦នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់បានសម្រេច នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សួស ឡុង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ គីម បញ្ញា ភេទប្រុសអាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលម្ដុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្ត្រីម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវមុនីរ៉េត លុះមកដល់ចំណុចជិតស្ដុបផ្សារដើមគរ ស្រាប់តែលេចមុខជនជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HF-9681 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ភ្លាមៗនោះជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួន។

ប៉ុន្ដែត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានដេញតាមក្រោយ មកដល់ចំណុចភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ក៏ជួបជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២ កំពុងល្បាត ក៏បានសហការគ្នាឃាត់ខ្លួនជនសង្ស័យទាំង២នាក់ភ្លាមៗ រួចបញ្ជូនមកកាន់ប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់