សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រងចំណុចបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យ ជាអ្នករើសអេតចាយចំនួន០៣នាក់ បែកគំនិត លួចកាត់បណ្តាញខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង ។
ករណីខាងលើនេះ លោកវរសេនីយ៍ទោ ដា ចំរើន បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់សាលាកំរើក រួមទាំងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើង ដែលជនសង្ស័យបានធ្វើសកម្មភាព កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមន្រ្តីអគ្គិសនីសៀមរាប ។
លោកបានបន្តទៀតថា ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ១.ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ រើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ ២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ ៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង) ។
វត្ថុតាងរួមមាន៖ -ស្ពាន់ខ្សែភ្លើងចំនួន ០៨កំណាត់ ,-សម្បកខ្សែភ្លើងចំនួន០៦ដុំ, -កាំបិតចិតបន្លែចំនួន១២ដើម
-កាំបិតប៉័ងតោចំនួន០៣ដើម, -ដាវកែច្នៃចំនួន០៣ដើម ,-កាំបិតព្រាចំនួន០២ដើម ,-ញញួរចំនួន០២ដើម
-កន្ត្រៃចំនួន០៣ ។
ជនសង្ស័យទាំង០៣នាក់នោះ បានធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន (+) ផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួននិងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់