ព័ត៌មានជាតិ

ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ-១៩ កើនលើស ២០០,០០០នាក់

 

(ញូដេលី)៖ ឥណ្ឌា នៅថ្ងៃពុធ ទី២៨ ខែមេសានេះ នៅតែបន្តកត់ត្រាចំនួនអ្នកឆ្លង COVID-19 លើស ៣០០,០០០នាក់ក្នុង ១ថ្ងៃ ខណៈចំនួនអ្នកស្លាប់កើនលើស ២សែននាក់ហើយ។

រយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុប ៣៦០,៩៦០នាក់ និងអ្នកជំងឺ ៣,២៩៣នាក់ស្លាប់។ ក្រោយ ការបូកសរុបទិន្ន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជិត ១៨លានករណី ក្នុងនោះចំនួនមនុស្សស្លាប់ក៏បានកើនដល់ ២០១,១៨៧នាក់។

សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងស្វះស្វែងនាំមុខក្នុងការជួយសង្គ្រោះឥណ្ឌា ដោយកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយទូរស័ព្ទដោយផ្ទាល់ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីជំនួយ ដែលអាចផ្តល់មកកាន់ឥណ្ឌា និងជាពិសេសគឺវ៉ាក់សាំងបង្ការ COVID-19 ដែលអាមេរិកនឹងត្រូវដឹកជញ្ជូនទៅកាន់ឥណ្ឌា៕

Reuters៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់