ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង១៥នាទី មានបុរសម្នាក់បានបើកម៉ូតូលឿនដូចហោះបានបុករថយន្តដែលចតនៅលើចិញ្ចើមថ្នល់ របស់កម្លាំងសមត្ថកិច្ច ដែលឈរជើងត្រួតពិនិត្យការធ្វើដំណើរនៅពេលយប់បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវលេខ១៥៥ នៅចំណុចទល់មុខក្លោងទ្វារវត្តស្បូវរីក ស្ថិតនៅក្នុងភូមិស្បូវរីក ឃុំលាចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនពេលកើតហេតុមានកម្លាំងនគរបាលអធិការដ្ឋានស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកចុះត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ចាប់ពីម៉ោង៨និង00នាទី រហូតដល់ម៉ោង៥និង00នាទីព្រឹក ដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ សំដៅរកឲ្យឃើញករណីលួចធ្វើដំណើរ ករណីលួចឆ្លងដែនខុសច្បាប់ និងករណីលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្របិទខ្ទប់នៃរដ្ឋបាលរាជធានី-ខេត្ត មកកាន់ខេត្តពោធិ៍សាត់។ នៅខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៌ខៀវ គ្មានស្លាកលេខបើកបរដោយឈ្មោះ សៀម សិលា ភេទប្រុស អាយុ ២៥ ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិព្រងិល ឃុំព្រងិលស្រុកភ្នំក្រវ៉ាញ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក toyota កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ពោធិ៍សាត់ 2A- 5673 បើកបរដោយឈ្មោះ អ៊ីវ វិបុល ភេទប្រុសអាយុ ២៨ ឆ្នាំ មានមុខរបរ ជាកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដែលបានចតនៅលើចិញ្ចើមថ្នល់ខាងស្ដាំ ដើម្បីធ្វើប្រតិបត្តិការត្រួតពិនិត្យបណ្តាលឲ្យបុរសបើកម៉ូតូរងរបួសធ្ងន់បាក់ភ្លៅ និងខូចរថយន្តផ្នែកខាងក្រោយ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
លោកអធិការបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿន។ ចំពោះម៉ូតូនិងរថយន្តត្រូវបានគេយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់