ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ករណីហិង្សាដោយចេតនា យកកាំបិតបន្ទោះ ចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យមុតជាច្រើនកន្លែង រងរបួសធ្ងន់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ​សៅរ៍​ ០៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនា ចំណុចផ្ទះជនសង្ស័យ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ នូ ផៃ ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ រងរបួសស្នាម៖ ១.ស្មាខាងឆ្វេង០១កន្លែង ។ ២.ឆ្អឹងជំនីខាងឆ្វេង០១កន្លែង ។ ៣.បាតដៃខាងស្ដាំ០១កន្លែង ។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ​ សាន គឹមហុង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ១.កាំបិតបន្ទោះ ដងធ្វើអំពីឈើប្រវែង ១១សង់ទីម៉ែត្រ ទំហំ៩.៥សង់ទីម៉ែត្រ ផ្លែប្រវែង២២.៥សង់ទីម៉ែត្រ ទទឹងប្រវែង ៤សង់ទីម៉ែត្រចុងមុខស្រួច ចំនួន០១ ។

ដំណើររឿងហេតុ៖ កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ នៅពេលដែលជនរងគ្រោះផឹកស្រាស្រវឹង តែងតែបង្ករឿងជេរដៀមដាម ទៅលើជនសង្ស័យ ជាច្រើនលើក ដោយចោទប្រកាន់ថា ជនសង្ស័យដឹងរឿង បញ្ហាគ្រឿងញៀនច្រើន ។ លុះមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ជនសង្ស័យនិងម្ដាយបង្កើតឈ្លោះប្រកែកគ្នានៅក្នុងផ្ទះ ពេលនោះជនរងគ្រោះមានភាពស្រវឹងស្រា ហើយបានមកជេរជនសង្ស័យអាសអាភាស ហើយជនសង្ស័យក៏ជេរតបវិញ ភ្លាមនោះជនរងគ្រោះ និងកូនប្រុសឈ្មោះ ផៃ ផេន និងកូនស្រីឈ្មោះ ផៃ បុប្ផា បាននាំគ្នាគប់ផ្ទះជនសង្ស័យ ចំណែកជនរងគ្រោះ បានដើរចូលមកវាយពាងទឹករបស់ជនសង្ស័យ បណ្ដាលឲ្យបែកចំនួនមួយ រួចក៏បានស្ទុះទៅធាក់ជនសង្ស័យ ចំនួន០២ជើងចំពោះ ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកកាំបិតខាងលើ មកចាក់ជនរងគ្រោះចំនួន០២ កាំបិតចំស្មាខាងឆ្វេង០១កាំបិត និងចំឆ្អឹងជំនីរខាងឆ្វេង០១កាំបិត ក្នុងសកម្មភាពនោះជនរងគ្រោះ បានស្រវាចាប់យកផ្លែកាំបិតពីជនសង្ស័យ បណ្ដាលឲ្យមុតមានរបួសដៃបន្ថែម០១កន្លែងទៀត ហូរឈាមជាច្រើន កូនជនរងគ្រោះឃើញឪពុកមានរបួសដូច្នេះ ក៏បាននាំគ្នាយកជនរងគ្រោះទៅមន្ទីរពេទ្យតែម្ដង ។

ក្រោយពីកើតហេតុរួចនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល កូនរបស់ជនរងគ្រោះឈ្មោះ ផៃ ស្រីហេម បានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ បន្ទាប់មកជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យឈ្មោះ សាន គឹមហុង មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចខាងលើ ចាក់ទៅលើជនរងគ្រោះឈ្មោះ នូ ផៃ បណ្ដាលឲ្យមានរបួសស្នាមពិតប្រាកដមែន ។ ចំពោះជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់