ព័ត៌មានជាតិ

ករណីរន្ទះបាញ់ និងខ្យល់កន្ត្រាក់ ខណៈមេឃធ្លាក់ភ្លៀង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់បាត់បង់ជីវិត

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់មនុស្សស្លាប់ ១លើក និងករណីខ្យល់កន្ត្រាក់បាក់ដើមឈើសង្កត់ស្លាប់ ១លើក ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានអោយដឹងថា កាល០៦ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេធំលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់ នៅទីតាំង ០២ផ្សេងគ្នា៖

ទីតាំងទី០១: នៅចំណុចចុងភូមិសំរោង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ :
១. ជនរងគ្រោះឈ្មោះ ពុធ ធ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២. ជនរងគ្រោះឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។ អ្នកទាំង២ជាបងប្អូនបង្កើត នឹងគ្នា ។

ជនរងគ្រោះទាំង២នាក់ និងក្រុមគ្រួសារ បានយកត្រាក់ទ័រទៅព្យួរដី ដើម្បីដាំដំឡូង នៅនឹងចំការរបស់ខ្លួន ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ នៅម៉ោងកើតហេតុ មេឃភ្លៀងមិនបានព្យួរដីទេ ក៏នាំគ្នាចងតង់ដើម្បីជ្រកភ្លៀងដោយចងម្ខាងទៅនឹងដើមតាសេក ហើយម្ខាងទៀតចងនឹងត្រាក់ទ័រ ខណៈពេលកំពុងជ្រកភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ទាំង ២នាក់ បងប្អូន នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកក្រុមគ្រួសារជ្រកនៅតង់មួយទៀត មិនបណ្ដាលឲ្យប៉ះពាល់ទេ ។

ទីតាំងទី ០២ : នៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ ១លើក បណ្ដាលឲ្យរលំដើមស្នួលសង្កត់ខ្ទមស្រែ និងសង្កត់ក្មេងស្លាប់ម្នាក់ នៅចំណុចវាលស្រែខាងកើតភូមិចម្ងាយ ២៥០០ម៉ែត្រ ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ដា វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនរងគ្រោះ និងគ្នា២នាក់ទៀត ទៅស៊ីឈ្នួលភ្ជួរស្រែឲ្យគេនៅចំណុចកើតហេតុ ពេលមេឃភ្លៀង ក៏នាំគ្នាចូលជ្រកក្នុងខ្ទមស្រែខាងលើ ហើយខ្យល់រលំដើមស្នួលសង្កត់ ខ្ទម និងសង្កត់ចំក្មេងរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

ករណីនេះសមត្ថកិច្ចជំនាញបានចុះពិនិត្យ ធ្វើកំណត់ហេតុ និងពិនិត្យមិនឃើញមាន ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់