ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌ្រីមសង់មកធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ ខណៈជនរងគ្រោះ ឈប់ម៉ូតូនិយាយទូរសព្ទ ជាមួយមិត្តភក្តិ រួចជិះគេចខ្លួនតែត្រូវនារីរងគ្រោះជិះដេញតាមពីក្រោយ ស្រែកថាចោរៗ រហូតមកដល់ផ្លូវ២០១១ ជនសង្ស័យបានជិះបុកម៉ូតូពលរដ្ឋម្នាក់ដួល ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចក្របួចជាប់ទាំង២នាក់ យកទៅប៉ុស្តិ៍សួរនាំ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច មុខប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ច្រកចូលវត្តតាំងកសាង ស្ថិតក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ ណាន ថារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ចំណែកជនសង្ស័យទី២-ឈ្មោះ ឡាយ វិរះ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនទាំងពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1GU-0736 សម្រាប់ធ្វើសកម្មភាព ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលកើត ខ្លួនបានឈប់ម៉ូតូដកទូរសព្ទម៉ាក១២ប្រូមកនិយាយ ខណៈកំពុងនិយាយស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូហុងដាឌ្រីម២គ្រឿង មួយគ្រឿងមកក្បែរ លូកដៃឆក់ទូរសព្ទរបស់ខ្លួន បានសម្រេច រួចជិះគេចខ្លួន តែត្រូវរូបនាង ជិះតាមពីក្រោយស្រែកថាចោរៗ រហូតដល់ផ្លូវ២០១១ ជនសង្ស័យ២នាក់ ដែលកាន់ទូរសព្ទឆក់បានបោះចោល ទើបខ្លួនឈប់រើសទូរសព្ទនោះមក ហើយជនសង្ស័យទាំង២នាក់នោះ បានជិះម៉ូតូបុក ជាមួយម៉ូតូពលរដ្ឋម្នាក់ដួល ក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលកំពុងដេញតាម ជាមួយជនរងគ្រោះ ក្របួចជាប់បានទាំង២នាក់ យកទៅប៉ុស្តិ៍សួរនាំភ្លាមៗ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវនគរបាលប៉ុស្តិ៍កាកាបទី១ នាំខ្លួននិងម៉ូតូធ្វើសកម្មភាព យកទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីដាក់តាមក្រោយ ចំណែកទូរសព្ទសមត្ថកិច្ចប្រគល់ ជូននារីរងគ្រោះវិញ ៕
មតិយោបល់