ភ្នំពេញៈ ក្រោយពេលចុះឡោមព័ទ្ធអគារសំណង់មួយកន្លែង កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិន និងវៀតណាម៦៧នាក់ ដែលធ្វើការខុសច្បាប់នៅខណ្ឌ៧មករា។
កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានចុះឆែកឆេ និងត្រួតពិនិត្យនៅក្នុងទីតាំងសំណង់មួយកន្លែងឈ្មោះ SKYLINE នៅតាមបណ្ដោយផ្លូវលេខ១៣៤ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន និងវៀតណាម ចំនួន៦៧នាក់ដែលរស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងការដ្ឋានសំណង់ខាងលើនេះ។
ប្រតិបត្តិការនេះបានដឹកនាំ និងសម្របសម្រួលដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌ៧មករា។
បច្ចុប្បន្នជនជាតិចិន និងជនជាតិវៀតណាមទាំង៦៧នាក់ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី៕
មតិយោបល់