ព័ត៌មានជាតិ

អាសូរណាស់! ជិះម៉ូតូមកពីរកត្រីវិញ ជួបគ្រោះថ្នាក់ស្លាប់ប្តី ចំណែកប្រពន្ធនិងកូនរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ ខណ:ពេលដែលកំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន មកពីរកត្រីនៅម្តុំវត្តភ្នៀតហើយធ្វើដំណើរមកផ្ទះជួលវិញ នៅម្តុំកាំកូស៊ីធី ខណ្ឌឫស្សីកែវ កំពុងជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែដួល ភ្លាមៗនោះក៏មានរថយន្តដឹកទឹកកកមួយគ្រឿងមកពីក្រោយកិនអូស ចំណែកអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ប្រភពពីសាច់ញាតិជនរងគ្រោះ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាញ់ ដេ អាយុ៤៩ ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធនិងកូនប្រុសអាយុ៦ ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ។ បច្ចុប្បន្នស្នាក់នៅម្ដុំកាំកូស៊ីធី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើការសំណង់នៅម្ដុំវត្តភ្នៀត សង្កាត់ស្នោរ ខណ្ឌកំបូល ។

ប្រភពដដែលបានបន្តឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះប្រពន្ធនិងកូនប្រុស ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ស ពាក់ផ្លាកកលេខភ្នំពេញ 1BJ-9767 បានត្រឡប់មកពី រកត្រីវិញនៅម្ដុំវត្តភ្នៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ពីជើងទៅត្បូងដើម្បីមកផ្ទះជួល ។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូទៅលើផ្លូវ ភ្លាមនោះក៏មានរថយន្តកូរ៉េមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2K-2400 ជាប្រភេទដឹកទឹកកក បានកិនពីក្រោយ បណ្តាលឲបុរសជាប្តីស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធនិងកូនប្រុសអាយុ៦ឆ្នាំ រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌ ចុះទៅសម្រួលនិងវាស់វែងទីតាំងកើតហេតុ រៀបចំឯកសារប្រគល់សព ឲ្យទៅក្រុមសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូប្រគល់ឱ្យជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុកនិងរង់ចាំការដោះស្រាយ ៕

មតិយោបល់