បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ០២លើក ឃាត់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់ ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរាយការណ៍អោយដឹងថា នៅចំណុចមុខហាងកាហ្វេ សាលា ដែលស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ចំនួន ០២ក្រុម ណាត់គ្នាវាយតប់គ្នា ០១លើក និងបានធ្វើការនាំខ្លួនក្មេងទំនើងចំនួន ១៤នាក់ ក្នុងនោះ ក្រុម Black Moon មានគ្នាចំនួន ១០នាក់ និងក្រុមU2I មានគ្នាចំនួន ០៤នាក់ ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំបិតចំនួន០២ដើម និងពូថៅ ចំនួន០១ ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានអោយដឹងដែរថា កម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ ០១លើក ដែលបានបង្ករការអុកឡុកនៅលើកំណាត់ផ្លូវភ្លោះវាងក្រុង ក្នុងភូមិសាស្ត្រស្រុកសង្កែ មានចំនួន ០៤នាក់ ។
បច្ចុប្បន្នក្មេងទំនើងទាំង១៨នាក់ខាងលើ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះតទៀត រួចប្រគល់ជូនទៅអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍វិញ ៕
មតិយោបល់