ព័ត៌មានជាតិ

ជនសង័្សយបង្កហិង្សាដោយចេតនាមានអាវុធចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាបរួមជាមួយកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន ៣នាក់ ទាក់ទងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងពូថៅ) មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

មុខសញ្ញាជាជនសង័្សយទាំង ០៣នាក់នោះរួមមាន៖
១-ឈ្មោះ ចាន់ ប៊ុនធឿន ហៅលីន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ឡេ ឡេង ហៅឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះ ឈុំ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតមាន៖
-ពូថៅដងឈើប្រវែង៤៥សង់ទីម៉ែត្រ០១ចំនួន០១។

សូមជម្រាបជូនថាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២និង៥២នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់ដោយដុំថ្ម និងពូថៅ) មួយបានកើតឡើងនៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសកម្មភាពនេះបង្កដោយក្រុមជនសង័្សយខាងលើ ទៅលើជនរងគ្រោះឈ្មោះ សុខ សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល ហើយពេលទទួលពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការបង្រ្កាបតែម្តង។

ដោយបានការសម្របសម្រួលទៅលើនីតិវិធីពីលោក ​គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយទាំង ០៣នាក់ខាងលើ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់