ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសអ្នកបើកម៉ូតូម្នាក់ស្លាប់ និងតៃកុងឡានម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កាន ថូយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។ ចំណែកតៃកុងរថយន្តទាំង២មិនបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កូរ៉េមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5390 ហើយបានឃើញរថយន្តដឹកដី មួយគ្រឿងទៀត មិនចាំផ្លាកលេខនោះទេ ដែលរថយន្តទាំងពីរបើកបរតាមបណ្តោយផ្លូវជាតិលេខ6A ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េ បាក់ឃ្លុបដែកខាងក្រោយ និងទំនិញធ្លាក់ពីលើឡានមកចំម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីមសង់ ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IF-1173 បើកបរដោយបុរសរងគ្រោះទន្ទឹមគ្នា ជាមួយរថយន្តកូរ៉េ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ហើយចំណែកម្ចាស់រថយន្តកូរ៉េវិញ កៀបជាមួយកាប៊ីនរថយន្ត រងរបួសបាក់ជើងមួយចំហៀងរងរបួសធ្ងន់ ។
ចំណែករថយន្តដឹងដីម៉ាក DAEWOO ព្យាយាមបើករត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្ត ទាំងតៃកុង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទួចរថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនង ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់