ក្រុងប៉ោយប៉ែត៖អ្នកសុំទានមានការកើនឡើងយ៉ាងគំហុក នៅលើស្ពានអន្តរជាតិប៉ោយប៉ែត បង្កការប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៏ ដែលកំពុងធ្វើដំណើរទៅមក រាល់ថ្ងៃទៀតផង ទង្វើរបែបនេះគេមិនដែលឃើញមន្ត្រីច្រកទ្វារនិងសម្ថកិច្ចចម្រុះ ដែលប្រចាំការនៅទីនោះ ធ្វើសកម្មភាពទប់ស្កាត់នោះទេ ទំនងជាគេទុកអោយអ្នកសុំទាននិងអ្នកលក់កញ្ច្រែងបង្កសកម្មភាពលើស្ពានអន្តរជាតិ សម្រាប់អោយល្អមើលទេដឹង។
គួរបញ្ជាក់ដែលថា ក្នុងអំឡុងចាប់ពីខែតុលា រហូតមកដល់ខែវិច្ចិការ ឆ្នាំ២០១៤នេះ គេបានសង្កេតឃើញក្រុមអ្នកលក់ទំនិញ ដែលជាគ្រឿងបរិភោគដែលដាក់លើថាស ហើយដាក់កៅអីអង្គុយលក់តាមដងផ្លូវ លើស្ពានមិត្តភាពកម្ពុជាថៃ បូកជាមួយនិងជនអាណាថាសុំទានក្មេងចាស់ប្រុសស្រី បានយកទីតាំងលើស្ពានអន្តរជាតិខាងលើនោះ ធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនខ្វល់ខ្វាយពីការសួរនាំរឬការដេញរបស់សមត្ថកិច្ចនៅទីនោះឡើយ។តាមការលើកឡើង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងធ្វើដំណើរចេញទៅក្រៅប្រទេសនិងចូលមកប្រទេសកម្ពុជាសព្វថ្ងៃនេះ បានរអ៊ូថា ពីមុនស្ពានអន្តរជាតិមានការធ្វើដំណើរស្រួលដោយគ្មានចង្អៀតនោះទេ ភ្ញៀវទាំងនោះបានលើកឡើងទៀតថា គ្រាន់តែក្នុងអំឡុងរយះពេល២ខែកន្លងទៅនេះ ភាពរញេរញៃ ត្រូវបានកើតឡើងជាបន្តបន្ទាប់ទៅលើស្ពានអន្តរជាតិ ហើយគេមិនឃើញ មានមន្ត្រីស្នាក់ការច្រកទ្វារចាត់វិធានការនោះឡើយ ក្រុមភ្ញៀវដដែលបានសំណូមពរ ដល់អស់លោកចៅហ្វាយខេត្ត និងអស់លោកថ្នាក់អន្តរក្រសួងទេសចរណ៏មេត្តាជួយមើលភាពរញេរញៃនៅលើស្ពានអន្តរជាតិនោះផង ពុំនោះទេពួកគាត់ពិតជាមានការលំបាកទាក់ទិនទៅនិងក្រុមអ្នកសុំទាន ចាប់ទាញអាវទាញខោពួកគាត់ ដើម្បីអោយដាក់លុយអោយគេ ក្នុងមួករឬចាន ទើបគេអនុញ្ញាតអោយទៅមុខបន្តទៀត ។
មន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈរជើងនៅទីនោះ ក៏បានរអ៊ូប្រាប់អ្នកកាសែតដែរថា រឿងអ្នកលក់និងអ្នកសុំទាន ពួកគាត់ដេញរាល់ថ្ងៃមើលទៅមិនខុសពីការវាយចកនោះទេជាពិសេសគឺអ្នកលក់តែម្តង រាល់ពេលដែលសមត្ថកិច្ចចុះទៅដេញពួកគេតែងតែយកឈ្មោះលោកនេះឬលោកនោះ មកគំរាមសមត្ថកិច្ចវិញ ហើយក៏មានពេលខ្លះអ្នកសុំទានមួយចំនួនក៏បានជេរប្រមាទមកលើសមត្ថកិច្ចជាប្រចាំទៀតផង តើអោយសមត្ថកិច្ចធ្វើបែបណាទៅទើបងាយស្រួលទាំងសងខាងនោះ ៕
មតិយោបល់