ព័ត៌មានជាតិ

សង្វេគណាស់! កូនស្រែកហៅឪពុកឲ្យបើកទ្វារឲ្យ មិនឮឆ្លើយតប រកអ្នកជិតខាងឲ្យជួយគាស់ទ្វាររបងផ្ទះចូលមើល ស្រាប់តែឃើញឪពុកដេកស្លាប់ផ្កាប់មុខនៅលើគ្រែក្រោមផ្ទះ

កណ្ដាលៈ ថ្ងៃព្រហស្បតិ៍ ០២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង១០នាទី មានករណីមនុស្សស្លាប់ដោយសារខ្យល់គ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សពជនរងគ្រោះឈ្មោះ នួន ជា ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង១០នាទី ឈ្មោះ គុជ សោភ័ណ្ឌ ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានទូរសព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ថា ឪពុករបស់គាត់ឈ្មោះ នួន ជា ភេទប្រុស បានស្លាប់នៅក្នុងផ្ទះ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យហេតុ និងក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរភូមិឃុំ ចុះពិនិត្យសាកសពឈ្មោះ នួន ជា ភេទប្រុស ដោយតាមការបំភ្លឺរបស់ឈ្មោះ គុជ សោភ័ណ្ឌ ភេទស្រី អាយុ៤១ ឆ្នាំ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បានអោយដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី គាត់បានជិះម៉ូតូឌុបមកផ្ទះ ជួបឪពុកគាត់នៅផ្ទះ ហើយឃើញឪពុករបស់គាត់ស្រវឹងស្រា គាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថា ពុកឯងស្រវឹងស្រាទាំងព្រឹកទៀតហើយ ពេលនិយាយរួចគាត់ បានត្រលប់ទៅកន្លែងលក់ដូរវិញ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦និង១០នាទីឈ្មោះ គុជ សោភ័ណ្ឌ ភេទស្រី បានមកមើលឪពុកនៅផ្ទះម្ដងទៀត ដោយបាត់មិនឃើញ ឪពុកមកជួបគាត់ដូចសព្វដង ពេលមកដល់គាត់ក៏បានស្រែកហៅ ឪពុករបស់គាត់អោយបើកទ្វារអោយ តែមិនឮឪពុកឆ្លើយតប គាត់បានហៅអ្នកជិតខាង អោយមកជួយគាស់ទ្វាររបងផ្ទះ ដើម្បីចូលមើល ពេលគាស់ទ្វារបងផ្ទះរួច ក៏ស្រាប់តែឃើញឪពុករបស់ខ្លួន ដេកស្លាប់ផ្កាប់មុខ នៅលើគ្រែក្រោមផ្ទះបាត់ទៅហើយ ។

តាមរបាយការណ៍របស់ផ្នែកជំនាញពិនិត្យនៅកន្លែងកើតហេតុ ក្រោយពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយខ្យល់គពិតមែន ដោយសារសពជនរងគ្រោះ មានលេចលាមកតាមជើងខោ ជនរងគ្រោះជាមនុស្សញៀនស្រា (ហូបស្រាមិនគិតហូមអាហារទេ) និងនៅលើខ្លួន មិនមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ ហើយគ្រួសារសព ព្រមទទួលស្គាល់ថា សាកសពពិតជាបានស្លាប់ដោយសារខ្យល់គមែន សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់