ព័ត៌មានជាតិ

ក្រុមជនសង្ស័យ២នាក់ ជាមុខសញ្ញាទាក់ឆ្កែ បានជិះម៉ូតូផ្តួលទុកចោល រត់គេចខ្លួនពីសមត្ថកិច្ច

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានដកហូតម៉ូតូហុងដាវ៉េវមួយគ្រឿង យកទៅរក្សាទុក បន្ទាប់ពីជនសង្ស័យជាមុខសញ្ញាទាក់ឆ្កែ បានជិះទៅផ្តួលទុកចោល រត់គេចខ្លួនពីសមត្ថកិច្ចបានស្រមោល ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1L-3886 ។ បានជិះដឹកគ្នាដោយមានភ្ជាប់ជាមួយឧបករណ៍ សម្រាប់ទាក់កឆ្កែជាប់ជាមួយ និងបម្រុងធ្វើសកម្មភាពទាក់ឆ្កែ នៅម្តុំខាងក្រោយផ្សារសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ស្របពេលនោះ ក៏មានបុរសជាអ្នកដំណើរម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក រួចក៏បានជិះទៅជួបជាមួយនិងក្រុមជនសង្ស័យ ដែលបម្រុងធ្វើសកម្មភាពទាក់ឆ្កែ ។ បន្ទាប់ពីក្រុមជនសង្ស័យបានឃើញបុរសនោះ ក៏បន្ថែមល្បឿនព្យាយាមជិះរត់គេចខ្លួន តែត្រូវបុរសនោះព្យាយាមជិះម៉ូតូ ដេញតាមពីក្រោយ និងបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយធ្វើការអន្តរាគមន៍ផងដែរ ។ ហើយក្រុមជនសង្ស័យបានព្យាយាម ជិះម៉ូតូរត់គេចអស់ជាច្រើនផ្លូវ រហូតដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចស្ទុះរត់គេចខ្លួនចូលទៅក្នុងផ្លូវឌឿងហែម ដែលត្រូវបានបិទខ្ទប់ (តំបន់ក្រហម) បាត់ស្រមោលបន្សល់ទុកម៉ូតូ រួមជាមួយឧបករណ៍សម្រាប់ទាក់ឆ្កែ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ និងបាននាំយកម៉ូតូរួមជាមួយវត្ថុតាំង ដែលក្រុមជនសង្ស័យបានបន្សល់ទុក យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ជាបន្តទៀត ៕

មតិយោបល់