ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ករណីប្លន់ប្រដាប់អាវុធ និងបាញ់ ២គ្រាប់ មកលើកងកម្លាំង

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) រវាងជនជាតិចិន ទៅលើជនជាតិចិន កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥០នាទី នៅផ្លូវចំណោសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ជជនសង្ស័យទាំង០៣នាក់រួមមាន ៖ ១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ (ខ្មាំងកាំភ្លើង) ។ ២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។

ចំណែកឯវត្ថុតាងតាំងរួមមាន ៖ -កាំភ្លើងខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777 ។ -បង់កាំភ្លើង ០១ មានគ្រាប់ ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់) ។ -សំបកកាទុស ០៥គ្រាប់ ។

ប្រភពដដែលបានបន្តថា ៖ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់ កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យតាមភិនភាគដែលប្រជាពលរដ្ឋបានរាយការ លុះដល់ចំណុចចំណោទតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើង បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចយើងចំនួន ០២គ្រាប់ តែសំណាងល្អមិនត្រូវកម្លាំងសមត្ថកិច្ចយើងឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ១៨ និង ៤០នាទី ទើបចាប់បានជនសង្ស័យដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ ។ បន្ទាប់មកនៅវេលាម៉ោង ១៩ និង ០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញយើងថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជុងប្លន់ នៅផ្លូវចំណោទសេតេ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ បានឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចយើង ។ បន្ទាប់ពីទទួលបានជនសង្ស័យទាំង ០២នាក់នោះមក កម្លាំងសមត្ថកិច្ចយើងបានពិនិត្យឃើញ ថា ជនសង្ស័យទាំង ០២នាក់ ត្រូវគេធ្វើទារុណកម្ម ដោយមានស្នាមជាំ និងបែកឈាមជាច្រើនកន្លែងនៅលើដងខ្លួន ដៃ និងជើង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់