ព័ត៌មានជាតិ

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ជាជនជាតិចិន និងដកហូតថ្នាំញៀនជិត៧គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត៧គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី នៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបករណីខាងលើ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ព្រមទាំងដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ឧក្រិដ្ឋជនគ្រឿងញៀន ឈ្មោះ ហ្វាន អ៊ី (FAN YI) ភេទប្រុស កើត១/៧/១៩៧២ ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតរួមមាន៖ ១. អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ), ២.កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g, ៣. មេតំហ្វេតាមីន(ICE) 93.19g ។ វត្ថុតាងគ្រឿងញៀន សរុប6 kg 643.91g, សារធាតុផ្សំ (មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1kg ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់