បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសឃ្វាលក្របីម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែគួរឲ្យអាណោចអាធ័ម ។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងអាងបារាយមេបុណ្យ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពាច ស្មៀយ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរងគ្រោះ បានទៅឃ្វាលក្របីនៅចំណុចខាងលើ ខណៈ មេឃខ្មៅ មានខ្យល់ និង ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បញ្ជាក់៖ នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាយឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ខណៈនោះ មានប្រជាពលរដ្ឋចំនួន០៥នាក់ បានទៅភ្ជួរស្រែ និងព្រួសស្រូវ នៅវាលថ្មពិលនោះ ។
ដោយឃើញពីសភាពមេឃមានដុំពពកខ្មៅ និងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរ និងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃ ដែលបើកទៅស្រែ រំពិចនោះស្រាប់តែរន្ទះបានបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។ ក្នុងខណៈនោះដែររន្ទះបានបាញ់សត្វគោ០១ក្បាល ស្លាប់នៅវាលស្រែពេលកំពុងដើរស៊ីស្មៅ នៅត្រពាំងស្មាច់ ចម្ងាយ១គ.ម ខាងលិចភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ៕
មតិយោបល់