ព័ត៌មានជាតិ

មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ នៅកម្ពុជា មានតែវ៉ាក់សាំងរបស់ចិនទេ ដែលបានមក​ដល់ជាបន្តបន្ទាប់ ដែលនេះបានបង្ហាញឱ្យឃើញថាចំណងមិត្តភាពកម្ពុជា គឺជាចំណងមិត្តភាព​ដែកថែប

ក្នុងខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជា​បន្ថែមទៀតនោះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបាន​មាន​ប្រសាសន៍​ថា នៅកម្ពុជា មានតែវ៉ាក់សាំងរបស់ចិនទេ ដែលបានមកដល់ជាបន្តបន្ទាប់ ដែល​នេះ​​បានបង្ហាញឱ្យឃើញថាចំណងមិត្តភាពកម្ពុជា-ចិន គឺជាចំណងមិត្តភាពដែកថែប ដែលមិន​អាចកាត់ថ្លៃបាន ដែលបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងថ្នាក់ដឹកនាំជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជានខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងចំនួន៥០ម៉ឺនដូស បន្ថែមទៀតដែលជាការបញ្ជា ទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ នៃប្រទេសចិន នៅឯព្រលានយន្តហោះ​អន្តរ​ជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិ​ការ​ក្រសួងសុខាភិបាលបានថ្លែងថា បច្ចុប្បន្ននេះ គណៈកម្មការចំពោះកិច្ច ក៏ដូចជាគណៈកម្ម​ការលទ្ធកម្ម ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងជំរុញការការចាក់​វ៉ាក់​សាំង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងបណ្ដាខេត្តដែលប្រឈមមួយចំនួន ឱ្យដល់ប្រជា​ពល​រដ្ឋគ្រប់ៗគ្នាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ លោកជំទាវបានបញ្ជាក់ថា “ដូច្នេះយើងគិតថា ក្នុងឆ្នាំ២០២១នេះ យ៉ាងហោចណាស់ ក៏បានចាក់វ៉ាក់សាំងឱ្យអ្នកនៅភ្នំពេញ ខេត្តកណ្ដាល និងបណ្ដាខេត្ត ដែលប្រឈមមួយចំនួនផងដែរ។ ទន្ទឹមនេះ យើងនឹងងបន្តរាយបណ្ដាញ​ដើម្បី​ចាក់វ៉ាក់សាំងនៅតាមខេត្តផ្សេងៗទៀត ឱ្យបានគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុ​ចាប់​ពី១៨ឆ្នាំឡើងទៅ”។

លោកជំទាវបានបន្តថា បញ្ហាវ៉ាកសាំងនេះ រាជរដ្ឋាភិបាលកំពុងតែបញ្ជា​ទិញជាបន្តបន្ទាប់ ពីក្រុមហ៊ុនស៊ីណូហ្វាម ក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងជំនួយផ្សេងៗទៀត ដែលយើងកំពុងតែធ្វើការចរចា ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយនឹងដៃគូអភិវឌ្ឍន៍​របស់​យើង។ លោកជំទាវបានបន្តទៀតថា នៅកម្ពុជា មានតែវ៉ាក់សាំងរបស់ចិនទេ ដែលបានមក​ដល់ជាបន្តបន្ទាប់ ដែលនេះបានបង្ហាញឱ្យឃើញថាចំណងមិត្តភាពកម្ពុជា គឺជាចំណងមិត្តភាព​ដែកថែបដែលមិនអាចកាត់ថ្លៃបាន ដែលបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជានខ្ពស់នៃសាធារណរដ្ឋ​ប្រជា​មានិតចិន។ ជាងនេះទៀត នៅកម្ពុជា ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានយក​ចិត្ត​ទុកដាក់ជួយដល់ប្រទេសកម្ពុជា ក្នុងការសម្របសម្រួលជាមួយនឹងក្រុមហ៊ុនវ៉ាក់សាំងក្នុង​ប្រទេសចិន ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជា បានមកដល់ទាន់​ពេល​វេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់វ៉ាក់សាំងរបស់កម្ពុជា។

មតិយោបល់