ភ្នំពេញៈ រន្ធត់ណាស់ បុរសម្នាក់បានស្លាប់បាត់់បង់ជីវិត ចោលក្រុមគ្រួសារ នៅនឹងកន្លែងកើតហេតុភ្លាមៗ និងប្រុសស្រី៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ បន្ទាប់ពីជនជាតិចិន បើករថយន្តបត់បញ្រ្ចាសទិស ទៅបុករះម៉ូតូចំនួន៣គ្រឿង ដួលរេលពេញផ្លូវជាតិលេខ៣ ។
ហេតុការណ៍ដ៏រន្ធត់មួយនេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចមុខរោងចក្រ (ស៊ីកូ) ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ឯម វីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិអំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
និងអ្នករងរបួស៣នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿងម៉ាក SIENNA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2-BI-5708 បើកបរដោយជនជាតិចិន ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចណុចកើតហេតុ ក៏បានបត់បញ្ច្រាសផ្លូវទៅបុករះម៉ូតូចំនួន៣គ្រឿង ដែលកំពុងជិះនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទិសត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និង៣នាក់ទៀត មានបុរស២នាក់ រួមនឹងស្រ្តីម្នាក់ បានរងរបួសធ្ងន់ និងស្រាល ។ ចំណែកតៃកុងរថយន្ដបង្ក (ជនជាតិចិន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ ដឹកយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕
មតិយោបល់