ព័ត៌មានជាតិ

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់លោកបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ (Rui Maria dé Araújo) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបចរចាទ្វេភាគីជាមួយលោកបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ដោយផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តជាមួយនឹងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ពិសេស គឺទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ២០១១ របស់លោកបណ្ឌិត ហូស្សេ រ៉ាម៉ូស អតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនាពេលនោះ និងទស្សនកិច្ចផ្លូវការក្នុងឆ្នាំ២០១៣ របស់លោក ខេ រ៉ាឡា ហ្សាណាណា ហ្គូស្មាវ នាយករដ្ឋមន្ត្រីទីម័រឡេស្តេក៏ដូចជាការចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ក្នុងអំឡុងពេលនៃទស្សនកិច្ចនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោក រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ពីការតែងតាំង ឯកអគ្គរាជទូតអនិវេសនដ្ឋានកម្ពុជា (non-resident Ambassador) ប្រចាំប្រទេសទីម័រឡេស្តេ។ ភាគីទាំងពីរបានយល់ស្របគ្នាក្នុងការជំរុញការអនុវត្តអនុស្សារណ: នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និង ជំនួបរវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។

សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់អាហាររូបករណ៍ចំនួន១០កន្លែង ក្នុងមួយឆ្នាំ សម្រាប់ និសិត្សរបស់ទីម័រឡេស្តេមកសិក្សានៅសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា ហើយបានណែនាំឲ្យក្រសួងអប់រំរបស់ប្រទេសទាំងពីរ ពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យមានប្រសិទ្ធភាព។

លើសពីនេះសម្តេចតេជោ បានស្នើដល់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ពិចារណានាំចូលអង្ករកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតលើពិភពលោក៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០១២ឆ្នាំ២០១៣ និងឆ្នាំ២០១៤។

សម្តេចបានគូសបញ្ជាក់ជាថ្មីអំពីការគាំទ្រដ៏សកម្មរបស់កម្ពុជា ចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន និងបានជំរាបជូនពីការត្រៀមខ្លួនរបស់កម្ពុជាផ្តល់ជូនទីម័រឡេស្តេ នូវជំនួយផ្នែកបច្ចេកទេស និងបទពិសោធន៍ សំរាប់ការត្រៀមរៀបចំរបស់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) តាមការស្នើសុំ របស់អង្គការទាំងពីរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរសម្តេចបានអញ្ជើញលោកនាយករដ្ឋមន្ត្រីទីម័រឡេស្តេ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ានលើកទី២៦ ដែលនឹងប្រារព្ធធ្វើនៅកម្ពុជាក្នុងឆ្នាំ២០១៧។

បន្ទាប់ពីការចរចាទ្វេភាគីនាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី រវាងប្រទេសទាំងពីរ ដូចជា ១- កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី  កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលគ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ប្រេងនិងឧស្ម័ន ការបណ្តុះបណ្តាលវិជ្ជាជីវ: និងអប់រំ។ ២- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និង ៣-អនុស្សារណ:នៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

សម្រាប់ថ្ងៃទី២០ ខែសីហា សម្តេចអគ្គមហាសេនាបតីបានចូលរួមនៅពិធីប្រារព្ធខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសទីម័រឡេស្តេ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសហគមន៍កម្ពុជានៅទីម័រឡេស្តេ នៅក្នុងជំនួបសំណេះសំណាលនិងសួរសុខទុក្ខ។

គួរបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនោះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណ: ស្តីពីកិច្ចសហប្រតិបត្តិការរវាងមន្ទីរពាណិជ្ជកម្មទាំងពីរ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

hun sen1

hun sen2

hun sen3

hun sen4

hun sen5

មតិយោបល់