ភ្នំពេញៈ បុរសម្នាក់ដួលបាក់ជើងខាងឆ្វេង ខណៈជិះម៉ូតូឌុបក្មួយស្រី ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ទៅប៉ះរថយន្តមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជា៣។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ស្តុបសាលាដែក ផ្លូវជាតិលេខ៥កែងផ្លូវបេតុងសាលាដែកក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងឌុបក្មួយស្រី ពាក់ស្លាកលេខ ភ្នំពេញ 1DC-6773 តាមបណ្ដោយផ្លូវសាលាដែក ក្នុងទិសដៅពីលិចទៅកើត ចេញពីផ្ទះបងប្អូន ខណៈពេលធ្វើដំណើរមកដល់ចំណុចស្តុបសាលាដែក ផ្លូវបំបែកជា៣ ផ្លូវជាតិលេខ៥ កែង ផ្លូវសាលាដែក ម៉ូតូក៏បានបត់ឆ្វេងដើម្បីឆ្លងផ្លូវ ពេលកំពុងឆ្លងស្រាប់តែ ប៉ះជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅ ពីជើងមកត្បូង បណ្តាលឲ្យបុរសជាម្នាក់ម៉ូតូដួលបាក់ជើងខាងឆ្វេង ចំណែកក្មួយស្រីមិនមានរបួសនោះទេ រីឯរថយន្តបានបន្តល្បឿនទៅមុខទៀតបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងក្រុមគ្រួសារជនរងគ្រោះ បានចុះមកដល់ទីតាំងកើតហេតុ រួចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់