ភ្នំពេញៈ សង្ស័យឆ្លងចរន្តអគ្គិសនីឆាបឆេះទូរទឹកកក នៅក្នុងហាងលក់សាច់អាំងយីហោ ទាមស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ១៦០ ផ្លូវ១៤៣កែងនិងផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថ ផ្ទះកើតហេតុគឺជាហាងលក់សាច់អាំងយីហោ ទាមស្រា ដែលហាងនេះបានបិទទ្វារមិនបើកដំណើរការនោះទេ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែក្នុងអំឡុងពេលដែលហាងនេះមិនបានបើកដំណើរការក៏មានបុគ្គលិកស្នាក់នៅមើលការសុខត្រូវផងដែរ។ ហើយនៅមុនពេលកើតហេតុ ខណៈពេលដែលមេឃកំពុងតែឆ្លាប់ភ្លៀងគេបានលឺសំឡេងរន្ទះយ៉ាងខ្លាំងហាក់ដូចជាបាញ់ត្រូវចំអ្វីម្យ៉ាងនៅម្តុំៗនិងទីតាំងកើតហេតុ មួយស្ទុះក្រោយក៏ស្រាប់តែស្ត្រីម្នាក់ដែលស្នាក់នៅក្បែរហាងកើតហេតុ បានស្រែកឆោឡោថា មានភ្លើងឆេះនៅខាងក្នុងហាងនោះខណៈដែលហាងនោះបានបិទទ្វារចាក់សោពីខាងក្រៅគ្មានអ្នកស្នាក់នៅនោះទេ។ បន្ទាប់ពីបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះនាំគ្នាវាយបំបែកសោទ្វារហាងនិងយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់អណ្ដាតភ្លើងថែមទាំងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យឲ្យមកជួយធ្វើការអន្តរាគមន៍ផងដែរ។
ភ្លាមៗនេះសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៥គ្រឿង បានចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់អស់មួយរថយន្តអណ្ដាតភ្លើងបានរលត់ទៅវិញជាស្ថាពរ។
ចំពោះហេតុការណ៍នេះ មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ តែបានធ្វើឲ្យឆេះខូចខាតទូរទឹកកកចំនួនមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត រីឯមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះគឺមានប្រជាពលរដ្ឋខ្លះបានអះអាងថា បណ្ដាលមកពីរន្ទះបាញ់និងខ្លះទៀតថាបណ្ដាលមកពីអ្នកស្នាក់នៅបានដុតទានទុកចោល (ព្រោះពេលដែលឆេះមានអ្នកចូលទៅពន្លត់បានឃើញទានដែលដុតទុកចោលនៅលើតុ)។ ដោយឡែកសមត្ថកិច្ចជំនាញក៏សន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កទៅជាអណ្ដាតភ្លើង៕
មតិយោបល់