ព័ត៌មានជាតិ

រន្ទះបាញ់បុរសម្នាក់ បណ្តាលឲ្យស្លាប់ ខណៈដើរទៅដេញគោចូលផ្ទះ ពេលមេឃភ្លៀង

​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោ១៦ និង៣០នាទី មានករណីភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់ មានទាំងរន្ទះបាញ់ផងនោះ បានបណ្ដាលឲ្យបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រោយផ្ទះ ចម្ងាយប្រហែល ៣០ម៉ែត្រ របស់ឈ្មោះ ម៉ៅ ជៀន ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ គឿត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានដើរមកដេញគោទៅផ្ទះនៅចំណុចកើតហេតុខាងលើ ខណ:មេឃកំពុងភ្លៀងរលឹម ទើបត្រូវរន្ទះបាញ់ស្លាប់តែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ លើជនគ្រោះឈ្មោះ រស់ គឿត ពិតជាស្លាប់ដោយសារត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់