ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីម្នាក់ចុះបេះត្រកួនរអិលជើងធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់ខណ:ចុះបេះត្រកួន។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០១រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចម្ងាយ១០០ម៉ែត្រខាងជើងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះ ខាន ស្រីអ៊ិន អាយុ១២ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅងូតទឹកលេងពេលនោះឃើញដើមត្រកួនឈ្លក់ទឹកល្អក៏ដើរទៅបេះជ្រុលជើងធ្លាក់ប្រឡាយទឹកជម្រៅប្រមាណជា៣ម៉ែត្រដោយក្មេងនោះមិនចេះហែលទឹកបណ្តាលឲ្យលង់។

ប្រភពដដែលបានបញ្ជាក់ថាខណ:ដែលក្មេងស្រីរងគ្រោះកំពុងលង់នោះមានប្រជាពលរដ្ឋប្រទះឃើញក៏បានចុះជួយស្រង់ពីទឹកហើយបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកតែជាអកុលសពេលដឹកដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យនិងប្រាប់ថាក្មេងស្រីបានស្លាប់បាត់បង់ជីវិតទៅហើយ។

សពត្រូវបានក្រុមគ្រួសារយកទៅចែងធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់