ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនបរទេសនិងជនជាតិខ្មែរ៤៥នាក់ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខុនដូមួយកន្លែងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបនិងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈរួមនឹងគ្រឿងញៀនមួយចំនួនផងដែរ។
ប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំណុចខុនដូមួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។
សេចក្តីរាយការណ៍ឱ្យដឹងថាប្រតិបត្តិការបង្ក្រាបខុនដូខាងលើកម្លាំងសមត្ថកិច្ចបានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកប្លង់សុផលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀកកម្សាន្តល្មើសវិធានក្រសួងសុខាភិបាលនៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នាដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ប្រតិបត្តិការនេះផងដែរក្នុងចំណោមជនសង្ស័យ៤៥នាក់មានជនជាតិចិនប្រុស-ស្រី២៦នាក់,ស្ត្រីជនជាតិវៀតណាម០៧នាក់,បុរសជនជាតិកូរ៉េ០១នាក់,បុរសជនជាតិម៉ាឡេស៊ី០១នាក់និងបុរសស្ត្រីជនជាតិខ្មែរ១០នាក់។ជាមួយគ្នានោះសមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈម្សៅពណ៌សចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់និងសម្ភារៈមួយចំនួនទៀតផងដែរ។ជនសង្ស័យខាងលើវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំនិងបន្តស្រាវជ្រាវស៊ើបអង្កេតអនុវត្តតាមនីតិវិធី៕
មតិយោបល់