ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តទាំងងងុយដេក បណ្ដាលឲ្យបុកម៉ូតូពីក្រោយពេញទំហឹង រងរបួសធ្ងន់យុវជនម្នាក់

តាកែវ: នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅស្របទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ តាកែវ 2A-2219 បើកបរដោយឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (គ្មានរបួស) ដែលបើកមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានងងុយដេកហើយងោកបណ្តាលឲ្យរេចង្កូតមកបុកម៉ូតូមួយគ្រឿងចំពីក្រោយពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-3407 បើកបរដោយឈ្មោះ ភួង វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មិនមានពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងជើង។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

មូលហេតុ៖ បណ្តាលមកពីការបើកបរស្ថិតក្នុងស្ថានភាពងងុយដេក។

ក្រោយកើតហេតុកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរង់ចាំដោះស្រាយ៕

មតិយោបល់